តាមប្រភពAFPបានឱ្យដឹងថាថ្មីៗនេះយោងតាមអាជ្ញាធរអាមេរិកបានឱ្យដឹងថាថ្នាំគ្រាប់ថ្មីដែលប្រើព្យាបាលការឆ្លងមេរោគហ៊ីវ (អេដស៍) ដែលរួមបញ្ចូលថ្នាំមុនៗ ចំនួន២ ប្រភេទ បូករួមនឹងថ្នាំថ្មី ចំនួន២ ប្រភេទទៀត ត្រូវបានអនុញ្ញាតឱ្យប្រើ សម្រាប់មនុស្សដែលកំពុងផ្ទុកវីរុស HIV (ហ៊ីវ) ដែលបណ្តាលឱ្យកើតជំងឺអេដស៍។
យោងតាមនាយកដ្ឋានគ្រប់គ្រងចំណីអាហារ និងឱសថ អាមេរិក (FDA)
បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា “ថ្នាំលេប១ថ្ងៃ ១គ្រាប់ “Stribild” (ស្ទ្រីប៊ីលដ៍) ផ្តល់នូវការព្យាបាលការឆ្លងមេរោគហ៊ីវ ដ៏ពេញលេញមួយ ហើយវាសំខាន់សម្រាប់អ្នកជំងឺ ដែលមិនទាន់ទទួលបាន ការព្យាបាលដោយថ្នាំព្យាបាល HIV ណាមួយនោះ”។
ថ្នាំ Stribild ផលិតដោយក្រុមហ៊ុនជីលីដសាយអែនស៍(Gilead Sciences) ដោយបានធ្វើ តេស្តលើអ្នកជំងឺជាង១.៤០០នាក់។ លទ្ធផលបានបង្ហាញថា ថ្នាំStribild មានប្រសិទ្ធភាពជាងថ្នាំព្យាបាល ចំនួន២ មុខ មុននិងអាចកម្ចាត់វីរុសក្រោមកម្រិតការពារបានប្រហែល ម្នាក់ ក្នុងអ្នកជំងឺ១០ នាក់ បន្ទាប់ពី៤៨សប្តាហ៍។
ទោះបីយ៉ាងណា មនុស្សមួយចំនួនបាននិយាយថាថ្នាំគ្រាប់ថ្មីនេះគឺមានតម្លៃថ្លៃណាស់។ លោកម៉ៃឃើលវីនស្តេន (Michael Weinstein) ប្រធានមូលនិធិគាំពារសុខភាពអេដស៍ (AIDS Healthcare Foundation) បានប្រាប់ AFP ថា “យើងចង់ឃើញតម្លៃ ដែលមិនថ្លៃជាងថ្នាំ បច្ចុប្បន្ន ប៉ុន្តែតម្លៃនៃថ្នាំថ្មីនេះ អាចថ្លៃជាង ដែលរួមបញ្ចូលថ្នាំ៣ប្រភេទចំនួន៣ដងឯណោះ” ។
បើតាម FDA បាននិយាយថា លទ្ធផលនេះ ទាមទារឱ្យមាន ការស្រាវជ្រាវបន្ថែមទៀត ដើម្បីកំណត់នូវសុវត្ថិភាពរបស់ថ្នាំ សម្រាប់ ស្ត្រី និងកូនក្មេង ថា តើភាពស៊ាំនៃថ្នាំ អាចវិវឌ្ឍដូចម្តេច? ហើយថា តើថ្នាំនេះ មានប្រតិកម្មជាមួយថ្នាំផ្សេងដែរឬអត់? ថ្នាំ Stribild នឹងតម្រូវ ឱ្យដាក់ស្លាកសញ្ញាព្រមានអ្នកជំងឺ និងអ្នកជំនាញថា ថ្នាំនេះអាចបណ្តាលឱ្យមានផលប៉ះ ពាល់ ដែលអាចបណ្តាលឱ្យស្លាប់បាន ដែលក្នុងនោះមានបញ្ហាថ្លើមធ្ងន់ធ្ងរ និងការបង្កឱ្យ
មានអាស៊ីដ ឡាក់ទិក ក្នុងឈាម។
ប៉ុន្តែ អ្នកនាំពាក្យក្រុមហ៊ុនGilead Sciences បានប្រាប់ថាក្នុងអំឡុងការសិក្សាឥទ្ធិពលប៉ះ ពាល់ភាគច្រើនមានពីតិចទៅល្មម គឺជាទូទៅ មានអាការវិលមុខ និងរាក។ លើសពីនេះ ថ្នាំ Stribild ក៏អាចធ្វើឱ្យខ្សោយឆ្អឹងនិងធ្វើឱ្យចុះខ្សោយតម្រងនោម ប៉ុន្តែ បញ្ហាទាំងពីរនេះ ត្រូវ បានចែងក្នុងស្លាកសញ្ញាដាស់តឿនរបស់ថ្នាំហើយ។
គួរបញ្ជាក់ដែរថា ថ្នាំព្យាបាលជំងឺអេដស៍ កន្លងមក ដែលត្រូវបានអនុម័តឱ្យប្រើ ដោយ FDA មានដូចជា Quad, Truvanda, Atripla ជាដើម៕
ប្រភពអត្តបទ៖ ទស្សនាវដ្តីអង្គរធំ