ថ្នាំ​ព្យា​បាល​ជំងឺ​អេដស៍​ថ្មី អនុញ្ញាតិឱ្យប្រើនៅអាមេរិក

By : ឆាយា

អត្ថន័យ:

តាម​ប្រភពAFPបាន​ឱ្យ​ដឹង​ថាថ្មីៗ​នេះយោង​តាម​អាជ្ញាធរ​អាមេ​រិកបាន​ឱ្យ​ដឹង​ថាថ្នាំ​គ្រាប់ថ្មី​ដែល​ប្រើ​ព្យាបាល​ការ​ឆ្លង​មេរោគ​ហ៊ីវ (អេដស៍) ដែល​រួម​បញ្ចូល​ថ្នាំ​មុន​ៗ ចំនួន​២ ប្រភេទ បូក​រួម​នឹង​ថ្នាំ​ថ្មី​ ចំនួន២ ប្រភេទ​ទៀត ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើ សម្រាប់​មនុស្ស​ដែល​កំពុង​ផ្ទុក​វីរុស HIV (ហ៊ីវ) ដែលបណ្តាលឱ្យកើតជំងឺអេដស៍។

យោងតាមនាយកដ្ឋានគ្រប់គ្រង​ចំណី​អាហារ និងឱសថ អាមេរិក (FDA)
បាននិយាយក្នុង​សេចក្តីថ្លែងការណ៍ថា “ថ្នាំ​លេប១ថ្ងៃ ១គ្រាប់ “Stribild” (ស្ទ្រីប៊ីលដ៍)​ ផ្តល់នូវ​ការព្យាបាល​ការ​ឆ្លង​មេរោគហ៊ីវ ដ៏ពេញលេញមួយ ហើយវាសំខាន់សម្រាប់អ្នកជំងឺ ដែលមិនទាន់ទទួលបាន ការព្យាបាលដោយថ្នាំព្យាបាល HIV ណាមួយនោះ”។

ថ្នាំ Stribild ផលិតដោយក្រុមហ៊ុនជីលីដសាយអែនស៍(Gilead Sciences) ដោយបានធ្វើ តេស្តលើអ្នកជំងឺជាង១.៤០០នាក់។ លទ្ធផលបានបង្ហាញថា ថ្នាំStribild មាន​ប្រសិទ្ធភាព​ជាងថ្នាំព្យាបាល ចំនួន២ មុខ មុននិងអាចកម្ចាត់វីរុសក្រោមកម្រិតការពារបានប្រហែល ម្នាក់ ក្នុងអ្នកជំងឺ១០ នាក់ បន្ទាប់ពី៤៨សប្តាហ៍។

ទោះបីយ៉ាងណា មនុស្ស​មួយ​ចំនួនបាននិយាយថាថ្នាំគ្រាប់ថ្មីនេះគឺមានតម្លៃថ្លៃណាស់។ លោកម៉ៃឃើលវីនស្តេន (Michael Weinstein) ប្រធានមូលនិធិ​គាំពារ​សុខភាព​អេដស៍ (AIDS Healthcare Foundation) បានប្រាប់ AFP ថា “យើងចង់ឃើញតម្លៃ ដែលមិនថ្លៃជាងថ្នាំ បច្ចុប្បន្ន ប៉ុន្តែតម្លៃនៃថ្នាំថ្មីនេះ អាចថ្លៃជាង ដែលរួមបញ្ចូលថ្នាំ៣​ប្រភេទចំនួន៣ដងឯណោះ” ។

បើតាម FDA បាននិយាយថា លទ្ធផលនេះ ទាមទារឱ្យមាន ការស្រាវជ្រាវបន្ថែមទៀត ដើម្បីកំណត់នូវសុវត្ថិភាពរបស់ថ្នាំ សម្រាប់ ស្ត្រី និងកូនក្មេង ថា តើភាពស៊ាំនៃថ្នាំ អាច​វិវឌ្ឍ​ដូចម្តេច? ហើយថា តើថ្នាំនេះ មានប្រតិកម្មជាមួយថ្នាំផ្សេងដែរឬអត់? ថ្នាំ Stribild នឹងតម្រូវ ឱ្យដាក់ស្លាកសញ្ញាព្រមានអ្នកជំងឺ និងអ្នកជំនាញថា ថ្នាំនេះ​អាច​បណ្តាល​ឱ្យ​មានផលប៉ះ ពាល់ ដែលអាចបណ្តាលឱ្យស្លាប់បាន ដែលក្នុងនោះមានបញ្ហាថ្លើមធ្ងន់ធ្ងរ និងការបង្កឱ្យ
មានអាស៊ីដ ឡាក់ទិក ក្នុងឈាម។

ប៉ុន្តែ អ្នកនាំពាក្យក្រុមហ៊ុនGilead Sciences បានប្រាប់ថាក្នុងអំឡុងការសិក្សាឥទ្ធិពលប៉ះ ពាល់ភាគច្រើនមានពីតិចទៅល្មម គឺជាទូទៅ មានអាការវិលមុខ និងរាក។ លើស​ពី​នេះ ថ្នាំ Stribild ក៏អាចធ្វើឱ្យខ្សោយឆ្អឹងនិងធ្វើឱ្យចុះខ្សោយតម្រងនោម ប៉ុន្តែ បញ្ហាទាំងពីរ​នេះ ត្រូវ បានចែងក្នុងស្លាកសញ្ញាដាស់តឿនរបស់ថ្នាំហើយ។

គួរបញ្ជាក់ដែរថា ថ្នាំព្យាបាលជំងឺអេដស៍ កន្លងមក ដែលត្រូវបានអនុម័តឱ្យប្រើ ដោយ FDA មានដូចជា Quad, Truvanda, Atripla ជាដើម៕

ប្រភពអត្តបទ៖ ទស្សនាវដ្តីអង្គរធំ