Pages

រដូវ​កឋិនទាន​និទាន​រឿងរ៉ាវ​ទាក់ទង​នឹង​កឋិន​

By : Chhaya Sanh
ស្តាប់បទចំរៀង

         កឋិនទាន​គឺ​បុណ្យ​មួយ ដែល​មាន​តែ​ក្នុង​ព្រះពុទ្ធសាសនា​តែប៉ុណ្ណោះ ។ ជា​ទាន​មាន​មក​តាម​ផ្លូវ​ព្រះ​វិន័យ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មាន​កំណត់​ពេលវេលា​ច្បាស់លាស់ ពុំមែន​ចេះតែធ្វើ​នៅពេល​ណា​ក៏​បាន​តាមចិត្ត​ចង់​នោះ​ឡើយ ។
គឺ​រយៈកាល​ទទួល​កឋិន​ទាន​ក្ដី និង​រយៈកាល​កឋិនទាន​ក្ដី អាចធ្វើ​បាន​តែ​ក្នុង​សម័យ​តែ​១​ខែ​គត់ (២៩​ថ្ងៃ​) ​ចាប់ពី​ថ្ងៃ ១​រោច ​ខែ​អស្សុជ ដល់​ថ្ងៃ​១៥ ​កើត ​ខែ​កត្តឹ​ក ។ បើ​ខុស​ពី​សម័យកាល​នោះ ទោះបី​អ្នក​មាន​សទ្ធា​ធ្វើបុណ្យ​មាន​លក្ខណៈ​សណ្ឋាន​ដូច​កឋិន​ក៏ដោយ ក៏​មិន​អាច​ហៅថា កឋិនទាន​បានទេ ។ ព្រោះ​ធ្វើ​ខុស​កាល​ទាន​មិន​ចំ​សម័យ​១​ខែ ចុង​វស្សានរដូវ​នេះ​ពោល​គឺ មិន​ត្រូវ​តាម​ពុទ្ធានុញ្ញាត​ឡើយ ។​

ក្នុង​វត្ត​មួយ​បើ​ការ​ចាំ​វស្សា​គ្មាន​ភិក្ខុ​សោះ​ក៏​មិន​អាច​ហែ​កឋិន​ ចូលដែរ ព្រោះ​សាមណេរ​គ្មាន​សិទ្ធិ​ទទួល​ក្រាល​គ្រង​កឋិន​ទេ លុះតែ​យ៉ាងហោច​បំផុត​ត្រូវមាន​ភិក្ខុ ១​អង្គ​ដែរ ហើយ​ដែល​បាន​ចាំ​វស្សា​អស់​៣​ខែ​បាន​ត្រឹមត្រូវ ទើប​អាច​ហែ​កឋិន​ចូល​បាន ។​
បព្វជិត​ក៏ដោយ គ្រហ្ថ​ក៏ដោយ អាច​ធ្វើ​កឋិនទាន​បាន​ដូចគ្នា ។ ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុសង្ឈ​ទទួល​កឋិន ហើយ​ភិក្ខុ​ធ្វើ​កឋិន​ត្ថារ​កិច្ច គឺ​ក្រាល​គ្រង​....​អនុមោទនា​កឋិន​នោះ ដើម្បី​សម្រាល​នូវ​ទុក្ខលំបាក​ក្នុង​ការប្រើប្រាស់​បច្ច័យ​មួយចំនួន​ដូចជា ត្រៃ​ចីវរ អាហារ​ភោជន និង លាភសក្ការៈ​ផ្សេងៗ​ដែល​កើតមាន​ដល់​សង្ឃ​ប៉ុណ្ណោះ ។ ហើយ​ការ​សម្រាលទុក្ខ នេះ​ទៀតសោត ក៏​បាន​តែ​ត្រឹម​រយៈកាល ៥​ខែ និង​បាន​ចំពោះតែ​ភិក្ខុ​ដែល​ចូល បុរិ​មិកា​វស្សា អស់​ត្រៃមាស​បាន​ត្រឹមត្រូវ​មិន​ដាច់​វស្សា​នោះឯង ។​

ម្យ៉ាងទៀត ការធ្វើ​កឋិន លោក​សំដៅ​យកតែ ចីវរ​ប្បច្ច័យ គឺ​អ្នក​ធ្វើ​កឋិន មាន​សំពត់​ត្រឹមតែ​អាច​ធ្វើ​ស្បង់​មួយ ក៏​អាច​ធ្វើ​កឋិន​បានដែរ ។ ព្រោះ​លោក​ទទួល​ក្រាលកឋិន​ក្នុងចំណោម​ត្រៃ​ចីវរ (​ស្បង់ ១​ចីព​រ​១​សង្ឃា​ដី​១) គឺ​ក្រាល​បានតែ ១​មុខ​ប៉ុណ្ណោះ បើ​ក្រាល​ដល់​ទៅ​ពីរ​មុខ​មិន​ឡើង​ជា​កឋិន​ឡើយ​លោក​ហៅថា​ខូច​កឋិន ឬ​កឋិន​ត្ថារ​វិបត្តិ ។ ប៉ុន្តែ​ការ​ដែល​អ្នក​មាន​សទ្ធា​ជា​អ្នក​មាន​ធូរធារ ស្តុកស្តម្ភ អាច​នាំ​សំភារៈ​ច្រើនៗ ដូចជា ចីវរ​១​ត្រៃ ២​ឬ​៣​ត្រៃ ឬក៏​លើស​ទៅទៀត ក៏​អាច​ទាំង​សេនាសនបច្ច័យ គិលាន​បច្ច័យ បិណ្ឌបាត​បច្ច័យ ឲ្យ​កាន់តែ​សម្បូរ​បែប​ច្រើនៗ​ទៅទៀត​ក៏​រឹតតែ​ប្រើ​សើរ​វិសេស គឺ​បាន​ផលានិ​សង្ឈ​លើ​អ្នក​ធ្វើ​កឋិន កាន់តែ​ច្រើន​លើសលប់ តាម​សំភារៈ​បរិក្ខារ​គឺ​អានិសង្ស​លាភ ឬ​បរិវារ​កឋិន​នោះឯង ។​

ឯ​ផ្នែក បដិគ្គា​ហកៈ គឺ​ភិក្ខុសង្ឃ​ទទួល បើ​ក្រាល​បាន​ត្រឹមត្រូវ​ក៏​ទទួលបាន​អានិសង្ស​ដែរ គឺ​បាន​អានិសង្ស ៥​យ៉ាង​ប៉ុណ្ណោះ ទោះបី​កឋិន​នោះ​តូចតាច តិចតួច ស្តួច​ស្ដើង ឬ​ធំដុំ​សម្បូរបែប យ៉ាងណាក៏ដោយ បដិគ្គាហកៈ​នៅ​តែ​ទទួល​អានិសង្ស បានត្រឹមតែ ៥​យ៉ាង អស់​រយៈ​៥​ខែ​មាន " អនាម​ន្ត ចារោ ធ្វើឲ្យ​ភិក្ខុ​រួច​ពី​អាបត្តិ ក្នុង​ចារិត្ត​សិក្ខា​បទទី​៦ ក្នុង​អចេលក​វគ្គ​ជាដើម​តែ​ប៉ុណ្ណោះឯង " ។​

ចំណែក​ទាយក​-​ទាយិកា អ្នក​ធ្វើ​កឋិន ទើប​អានិសង្ស ត្រូវបានតិច ឬ​ច្រើន​ និង​ច្រើន​លើសលប់​ប្រែប្រួល​ទៅតាមកុសល​ចេតនា បសាទ​សទ្ធា​ទៅតាម​បរិក្ខា​តិច ច្រើន ល្អ​ប្រណីតថ្លៃថ្លា ។ ព្រោះហេតុនោះ​ទើប​លោក​ពោលថា : ទាន​មានតែ​មួយគត់​ដែល​អាច​ផ្ដល់​អានិសង្ស​ឲ្យបាន​ទាំង​ពីរ​ប៉ែក គឺ​បាន​ផល​ដល់​អ្នក​ទទួល (​បដិគ្គា​ហកៈ​) និង ដល់​អ្នក​ឲ្យ (​ទា​យក ទាយិកា​) ពោល​គឺ (​កឋិនទាន​) ។​

*​ កំណើត​កឋិន​
ដូច​បាន​ជម្រាប​រួចមកហើយ​ថា : កឋិន​មានតែ​ក្នុង​ពុទ្ធសាសនា​ប៉ុណ្ណោះ ក៏​ក្នុង​សាសនា​ព្រះសមណគោតម​បរមគ្រូ​នៃ​យើង ព្រះអង្គ​ទ្រង់​អនុញ្ញាត​នូវ​កឋិន​ត្ថារ​កិច្ច​នេះ ក្នុង​រវាង​មជ្ឈឹម​ពោធិ​កាល ប្រារព្ធ​ចំពោះ​ភ​ទ្ទ​វ​គ្គិ​យ​ភិក្ខុ ទាំង ៣០ អង្គ (​កន្លែង​ខ្លះ​ថា​ភិក្ខុ​ទាំង​៣០​អង្គ​នេះ​ជា​បងប្អូន និង​គ្នា ថា​ជា បងប្អូន​ប​សេនទិ​កោសល​រាជ​ដូច​មាន​ដំណើររឿ​ង​ជា​និទាន​តទៅ​នេះ : កាល​នោះ​ភ​ទ្ទ​វ​គ្គិ​យ​ភិក្ខុ​ទាំង​៣០​រូប​ប្រព្រឹត្ត​អារញ្ញិក​ធុគង្គ​ វត្ត (​សមាទានធុតង្គ​នៅ​ព្រៃ​) ។ នៅពេល​មុន​ថ្ងៃ​ចូល​វស្សា លោក​មាន​បំណង​ទៅ​វន្ទា​លា​ព្រះ​ជា​ម្ចាស់​ដើម្បី​ទៅ​នៅ​ចាំ​វស្សា​កន្លែង ណាមួយ ។​
( នេះ​ជា​ទំនៀម​កិច្ច​វត្ត របស់​សហធម្មិកៈ​នៅ​ព្រះពុទ្ធសាសនា​ដែល​រហូត​ដល់​សព្វថ្ងៃនេះ ភិក្ខុ​សាមណេរ​ទាំងឡាយ គួរ​ធ្វើ​កិច្ច​វត្ត​ដ៏​ប្រពៃ​នេះ ព្រោះ​ជា​ទំនៀម​ល្អ​តាំងពីដើម​មក ទោះបី​ភិក្ខុ​សាមណេរ​នៅក្នុង​វត្ត​ដើម​ក្ដី ឬ​ចេញទៅ​សិក្សា​នៅ​អាស្រ័យ​រៀនសូត្រ​នៅក្នុង​វត្ត​ដទៃ​ក្ដី ដែល​សុទ្ធតែ​ពុំ​ទាន់​ជា និស្ស័យ​មុត្តកៈ (​រួច​ចាក​និស្ស័យ​) នៅឡើយ ។ ចំពោះ​សាលារៀន ខាង​បព្វជិត ក៏​អនុញ្ញាត​សំរាក​រៀន​មួយអាទិត្យ​មុន​ថ្ងៃ​ចូល​វស្សា​ដែរ ដើម្បី​ភិក្ខុ សាមណេរ​ទាំងឡាយ និមន្ត​ទៅ​ធ្វើ​កិច្ច​វត្ត ចំពោះ​គ្រូ​ឧបជ្ឈាយា​ចារ្យ​របស់ខ្លួន វន្ទា​លា​ទៅ​ចាំ​វស្សា​ឯ​វត្ត​សំណាក់​ដែល​ត្រូវ នៅ​រៀនសូត្រ​) ។​

ប៉ុន្តែ​ភ​ទ្ទិ​យ​ភិក្ខុ​ទាំង​ ៣០​អង្គ ដោយ​ដំណើរ​ថ្មើរជើង​ផ្លូវ​ឆ្ងាយ​និមន្ត​មិនទាន់​ដល់​អាវាស​ដែល​ព្រះ​ដ៏​ មានភាគ ​ព្រះអង្គ​គង់នៅ ត្រូវ​ពេល​ថ្ងៃ​ចូល​វស្សា​មកដល់ ក៏​ព្រមព្រៀង​គ្នា​នៅ​ចាំ​វស្សា​ក្នុង​ដែន បា​ថេ​យ្យៈ នា​ក្រុង​សាកេ​ត ត្រង់​កណ្ដាល​ផ្លូវ​តែម្ដង​ទៅ ។​
លុះដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយបង្គំ​គាល់ព្រះសម្មាសម្ពុទ្ធ ដែល​គង់​ចាំ​វស្សា​នៅ​វត្ត ជេតពន នៅ​ក្រុង សា​វត្ថី ចំ​កាល​វេលា​ចុង​រដូវវស្សា ជា​សម័យ​ភ្លៀង​ជោគជាំ​ជានិច្ច ពព្រិច​រាល់ថ្ងៃ ធ្វើឲ្យ​ភិក្ខុ​ទាំង​៣០​អង្គ ទទឹកជោគ​ទាំង​ស្បង់ ចីវរ​សង្ឃាដី ជួប​ការលំបាក​មក​តាមផ្លូវ​រហូត (​មួយអង្គៗ​គ្មាន​ត្រៃចីវរ​២​បន្លាស់​ទេ​) លុះ​ដល់​ហើយ​ចូល​គាល់​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទាំង​ទទឹកជោគ ។​

ជា​ទំនៀម​ព្រះពុទ្ធ​បរមគ្រូ​តែង​ទទួល​ធម្ម​ប្បដិសណ្ឋារៈ​សួរនាំ​រាក់ទាក់ សុខទុក្ខ អំពី​ការរស់នៅ​ក្នុង​វស្សា​៣​ខែ អាហារ​ភោជន និង​ការព្រមព្រៀង​គ្នា​យ៉ាងណាៗ ។ ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ព្រះតម្រិះ​ថា​ប្រសិនបើ​តថាគត​បានអនុញ្ញាត​កឋិន ត្ថារ​កិច្ច​ដល់​ភិក្ខុសង្ឃ​ពីមុន​រួចមកហើយ សមបើ​លោក​ទាំងនេះ​មិន​ជួប​ការលំបាក​យ៉ាងហឹ្នង​ទេ ។ ហើយ​កឋិន​នេះ​ព្រះពុទ្ធ​ពី​អតីតៈ​ក៏បានអនុញ្ញាត​ដល់​សាវ័ក​ដូចគ្នា​ដែរ ។​

ព្រោះ​ដំណើរ​នេះ ទើប​ព្រះពុទ្ធ​ជា​ម្ចាស់​ប្រជុំ​ភិក្ខុសង្ឃ​ទាំងឡាយ​សំដែង​ធមី្ម​កថា ហើយ​ទ្រង់​អនុញ្ញាត​កឋិន​ត្ថារ​កិច្ច​នេះថា ម្នាល​ភិក្ខុ​ទាំងឡាយ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ​ដែល​នៅ​ចាំ​វស្សា រួចហើយ ទទួល​ក្រាលកឋិន​បាន ម្នាល​ភិក្ខុ​ទាំងឡាយ អានិសង្ស​៥ ប្រការ​នឹង​សំរេច​ដល់​ភិក្ខុ​ទាំងឡាយ ដែល​បាន​ក្រាល (​អនុ​មោទនា​) កឋិន​រួចហើយ ។​
ដូច្នេះ កឋិន​ត្ថារ​កិច្ច​នេះ គឺ​ព្រះសម្មាសម្ពុទ្ធ ទ្រង់​អនុញ្ញាត​ដល់​សង្ឃ​សាវ័ក​ចាប់តាំងពី​ពេលនោះ​មក ។​

៙​ អ្នក​ធ្វើ​កឋិន​មុនគេ​ ក្នុងសម័យ​ពុទ្ធកាល​
បន្ទាប់​ពី​បា​ដឹងថា ព្រះ​ពុទ្ធអង្គ អនុញ្ញាត​ឲ្យ​សាវ័ក​ទទួល​កឋិន​ត្ថារ​កិច្ច ព្រះបាទ​ប​សេនទិ​កោសល​បាន​ផ្ដើម​ធ្វើ​កឋិនទាន​មុនគេ​បង្អស់​ក្នុង​សម័យ ពុទ្ធ​កាល ។ កាល​នោះ​ព្រះ​មហាក​ច្ចា​យនត្ថេរ ជា​ប្រធាន បាន​ទទួល​ក្រាល​គ្រង​កឋិន​ឲ្យ​សំរេច​គ្រប់​ប្រការ ។ ឯ​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់ ព្រះអង្គ​បាន​ទេសនា​ក្នុង​ពិធីបុណ្យ​នោះ ដោយ​ទ្រង់​សរសើរ​អំពី​អានិសង្ស​នៃ​កឋិនទាន​ជា​អនេក​បរិយាយ ។​

ក្នុង​ធម្មទេសនា ព្រះអង្គ​លើក​អតីតនិទាន​កាល​ព្រះអង្គ​យោនយកកំណើត​កើតជា នរ​ជី​ទុគ្គ​បរម​ពោធិសត្វ បាន​ជួយ​វេយ្យាវច្ចៈ ខ្វល់ខ្វាយ​ក្នុង​អង្គ​កឋិនទាន​របស់ កុដុម្ពី​ក៍​ម្នាក់ នាំ​ទៅ​ថ្វាយ ព្រះសម្មាសម្ពុទ្ធ​ព្រះនាម បទុមុ​ត្ត​រៈ ដែល​ពេលនោះ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ​សុជាត​ត្ថេ​រ អគ្គ​សាវ័ក ព្រះអង្គ​ជា​អ្នក​ក្រាល​គ្រង ។ ឯនរ​ជីវ​ទុគ្គត​បរម​ពោធិសត្វ នៃ​យើង​បាន ពុទ្ធ​ព្យាករ ពី​ពេលនោះ​មក ដោយសារ​បាន​ជួយ​ចាត់ចែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រាជា្ញ​ស្មារតី ក្នុង​ពិធីបុណ្យ​នោះ ។ ឯ​ប៉ែក​ខាង​បុព្វ​ជិត​វិញ ព្រះ​ភិក្ខុ​នាម​នា​រទ​ត្ថេ​រកា​ល​បើ​បាន​ស្ដាប់​នូវ​ព្រះ​ធម្មទេសនា​របស់ ព្រះ​បរមគ្រូ​ក្នុង​បុណ្យ​របស់​ព្រះបាទ​សេនទិ​កោសល​មហារាជ ហើយ​មាន​សេចក្ដី ជ្រះថ្លា​ក៏​ទៅ​បបួល​ញាតិ​សាច់សាលោហិត​របស់លោក​ធ្វើ​កឋិនទាន​មួយ ដង្ហែ​ទៅ​ថ្វាយ​ព្រះ​ភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ។ ព្រះអង្គ​ទ្រង់​សរសើរ​ទាន​នេះ ហើយ​ទ្រង់​ក៏​លើក​យក​អតីត​និទាន កាល​ព្រះអង្គ​នៅ​ជា​ស្ដេច​ចក្រព័ត្តិ​នាម វិជិ​តរាជ​ជា​ធំ​លើ​ទ្វីប​ទាំង​បួន​បាន​នាំ​កឋិន​ទៅ​ថ្វាយ​ព្រះពុទ្ធ​នាម កោណ្ច​ញ្ញៈដែរ ។​

ចំណែក​ផលានិសង្ស​ធ្វើ​កឋិន សូម​ពិនិត្យ​មើល​អតីតនិទាន​ខាងលើ​ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់​ទេសនា​សរសើរ​ជា អនេក​បរិយាយ និង​នាំ​អតីតនិទាន​ទាំងពីរ​រឿង​នោះ ឲ្យបាន​ច្បាស់លាស់​ចុះ ។ ក្រៅពី​នេះ​អានិសង្ស​ដូចដែល​យើង​បាន​ជំរាប​ខាងលើ​ហើយ​ថា​:
ផល​បុណ្យ​របស់​អ្នក​ធ្វើ​កឋិន​ត្រូវបាន ទោះ​គ្រហស្ថ​ក្ដី​បព្វជិត​ក្ដី គឺ​ផ្អែក​ទៅលើ​ចេតនា​ទាំង​បី​របស់​អ្នក​ធ្វើ​ផង ប្រកប​ដោយ​សទ្ធា និង​បញ្ញា​សម្បយុត្ត​ផង ទាំង​សម្ភារៈ​កឋិន ថ្លៃថ្លា​ឧត្តម​ប្រណីត សម្បូរ​បែប​ផង ។ កាលណា​ពិនិត្យ​លើ​គុណធម៌​ទាំង​ប៉ុណ្ណោះ លោកអ្នក​អាច​យល់​បាន​ថា មាន​អានិសង្ស​តិច​ច្រើន​ប្លែក​គ្នា​ពី​កឋិន​និមួយៗ ។​

បើ​ពោល​ដោយ​រួបរួម​យ៉ាងខ្លី​មក​ថា : អ្នកមាន បសាទ​សទ្ធា បាន​ធ្វើ​កឋិនទាន រមែង​ទទួលបាន : សុរូប​តា មាន​រូប​ស្អាត ធ្វើ​ឲ្យ​បុរស​ស្ត្រី ឃើញ​ហើយ​ស្រលាញ់​ពេញ​ចិត្តជា​រូប​មាន​សម្ផស្ស​គរ​ស្ម័គ្រស្មាគម​និយម​មេត្រី ភាព ។​
សុវណ្ណ​តា មាន​សម្បុរ​ស្អាត ម៉ដ្ឋ​ខៃ ពុំ​មាន​ស្លាកស្នាម​ឬ​ប្រជ្រុល​ជាដើម​មិន​ខ្មៅ​ស្រិ​ល មិន​សស្គុស មិន​ពពាល​ពព្រុស គឺ​សម្បុរ​ល្អ​គួរ​ជាទី​ចាប់ចិត្ត នៃ​អ្នកផង​ទាំងឡាយ ។​
សុ​សណ្ឋានា មាន​ទ្រង់ទ្រាយ​.​កំពស់​កំព​.​រាង​រៅ សមសួន​តាម​កាលសម័យ​នៃ​អាយុកប្ប​និមួយៗ ។​
ចក្ត​វត្តិ​រាជា​.​ហោតិ ត្រូវ​បាន​ជា​ស្ដេច​ចក្រពត្រាធិរាជ ប្រកបដោយ​ទសពិធ​រាជធម៌ ក្នុង​ជាតិ​ណាមួយ​ដាច់ខាត ។​

ផល​ចុងក្រោយ​គឺ​:
ឯ​ហិ​ភិក្ខុ :​និង​បាន​ជួប​ព្រះ​ប្រទះ​ធម៌ ក្នុង​អវសាន​ជាតិ ហើយ​សម្រេច​អរហត្តមគ្គ​អរហត្ត​ផល ដល់​ព្រះ​និពា្វ​ន ។ បើ​ស្ត្រី​ភេទ ក៏​និង​បាន​លុះ​មគ្គផល​ក្នុង​ជាតិ​ជា​ទីបំផុត​មិន​ខាន ៕​